ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ស្នើឱ្យបញ្ជូលបន្ថែមមុខវិជ្ជាច្បាប់ទាក់ទងនឹងការគ្រប់គ្រងបរិស្ថាន ក្នុងបណ្តុះបណ្តាលនៃសាលាកងរាជអាវុធហត្ថជាតិ

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយប្រតិភូសាលាកងរាជអាវុធហត្ថ(កំបូល) ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ គាត ចន្ថា នាយកសាលា នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យការបណ្តុះបណ្តាលនៃសាលាកងរាជអាវុធហត្ថ គួរបញ្ចូលមុខវិជ្ជាសំខាន់ៗមួយចំនួនដូចជា ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធម្មជាតិ ច្បាប់ព្រៃឈើ ច្បាប់ជលផល ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងលិខិតបទដ្ឋានពាក់ព័ន្ធដ៏ទៃទៀត សំដៅធ្វើយ៉ាងណាឱ្យសិក្ខាកាមឱ្យទទួលបានចំណេះដឹង និងបទពិសោធន៍កាន់តែទូលំទូលាយជាងមុន។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដែរថា ការបញ្ជូលមុខវិជ្ជាច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទាក់ទងការគ្រប់គ្រងបរិស្ថាន អាចរួមចំណែកឱ្យសិក្ខាកាមទៅអនុវត្តន៍ការងារ និងប្រើប្រាស់ឱ្យចំទិសដៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការផ្តល់ឱកាសឱ្យក្រសួងបរិស្ថានអាចបញ្ជូនមន្ត្រី ឬឧទ្យានុរក្សទៅហ្វឹកហ្វឺនបន្ត។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជ្រើសរើស ការបណ្តុះបណ្តាល និងការលើកទឹកចិត្តចំពោះមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់ក្នុងការថែរក្សាការការពារព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះ។ ការហ្វឹកហ្វើននេះ គឺជាមូលដ្ឋានដ៏រឹងមាំបំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងអនុវត្តសមស្របតាមតួនាទីភារកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ដែលគោលការណ៍ច្បាប់បានកំណត់។

នៅក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ គាត ចន្ថា បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់កិច្ចសហការគាំទ្រ និងផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបទបាឋកថាដើម្បីចែករម្លែកចំណេះដឹងដល់សិក្ខាកាមកងរាជអាវុធហត្ថពាក់ព័ន្ធនឹងតួនាទីភារកិច្ច ការរៀបចំនិងការប្រព្រឹត្តទៅ ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ និងការអភិរក្សចំរុះរបស់ក្រសួងបរិស្ថាននាពេលកន្លងមក។ ទន្ទឹមនឹងនេះ សាលាកងរាជអាវុធហត្ថ(កំបូល) នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការបញ្ជូនមន្ត្រី ឬឧទ្យាននុរក្ស ឱ្យទៅទទួលបានការហ្វឹកហ្វឺនបន្ថែមពាក់ព័ន្ធនឹងយុទ្ធវិធីសំអាត ថែទាំ លំហាត់របៀប ការប្រើប្រាស់អាវុធ ការបង្រាបបទល្មើស និងលិខិតបទដ្ឋាននានា ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងបរិស្ថាន៕