ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីវាយមេជាងសំណង់ម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ក្រោយពីពួកគេបានព្រួតគ្នាវាយ​មេជាងសំណង់នៅឯខេត្តព្រះសីហនុម្នាក់បណ្តាលឱ្យស្លាប់ រួចនាំគ្នារត់គេចខ្លួនមកស្រុកកំណើត ឯខេត្តសៀមរាប។ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកញ្ជោ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរៀប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទ័ណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងជាង១០យប់ ​នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤  ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាមានស្ថានទម្ងន់ទោសបណ្តាលឲ្យជនរងគ្រោះស្លាប់ ដែលបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ។ ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើតភូមិ ជីក្រែងឃុំជីក្រែងស្រុកជីក្រែង ខេត្តសៀមរាប រងរបួសក្បាល ថ្ងាស មុខ ជាទម្ងន់ហើយបានស្លាប់ក្រោយពេលជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។ ចំណែក ជនសង្ស័យទាំងបីរួមមានឈ្មោះ ទី១-ឈ្មោះ ភោគ សុផាត ភេទប្រុស  អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្រិញ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប, ទី២-ឈ្មោះ អុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តបាត់ដំបង,ទី៣-ឈ្មោះ ឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើតនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាន យកដំបង វាយ​លើជនរងគ្រោះ ឈ្មោះតាំង បូរ៉ាហៅ ជីន ភេទប្រុស  ជាមេការសំណង់នៅថ្ងៃទី ២២ខែតុលាឆ្នាំ ២០១៨  នៅចំណុចជិតសាលារៀន ហ៊ុនសែន អូរពី ខេត្ត ព្រះសីហនុមែន  ដោយសារខឹងជនរងគ្រោះមិនបើកលុយឲ្យ និងមានទំនាស់គ្នា ពេលផឹកស៊ី។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ប្រគល់មកឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការតាមនិតិវិធីច្បាប់ ៕