ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលរួមទស្សនាការប្រណាំងទូកនៅក្រុងតាខ្មៅ

•តើប្រវត្តពិធីបុណ្យអុំទូកកើតឡើងនៅជំនាន់ណា? កើតឡើងដោយសារអ្វី ?

ខេត្តកណ្តាល: ដោយ សុធារិទ្ធ

រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៤ ខែតុលា ឆ្នាំ២០១៨ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដើម្បីជ្រើសរើសទូកជ័យលាភី ទៅចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់នាថ្ងៃខាងមុខនេះ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ។ ព្រឹត្តិការណ៍អុំទូកនេះ គេឃើញប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួមទស្សនាយ៉ាងសប្បាយនៅថ្ងៃទី ២៣ ជាថ្ងៃចាប់ផ្តើម ម្សិលម៉ិញ ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានថ្លែងរៀបរាប់ពីប្រវត្តព្រះរាជពិធីបុណ្យអុំទូក ឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤,១៥ កើត និង១ រោច ខែកត្តិក។

តាមសៀវភៅជ័យវរ្ម័នទី៧ ដែលមាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានចែងថា នៅសម័យអង្គរ នាសតវត្សរ៍ទី១២ ប្រទេសកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ចេញទៅធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាម ដោយប្រើកងទ័ពទូកចម្បាំង ដែលរំដោះក្រុងកម្ពុជាឲ្យរួចផុតពីខ្មាំងសត្រូវ នាគ.ស ១១៧៧ ដល់១១៨១។
រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ គេឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ពទូកទាំងឡាយ។

ដោយឡែក ក្នុងឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ ខ្មែរលេខ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅអាចារ្យប៉ាង នៅខេត្តឃ្លាំងកម្ពុជាក្រោមមានចែងថា សម័យលង្វែក ព.ស ២០៧១ ត្រូវនឹងគ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់បានតែងតាំងពញាតាត ងារជាសិទ្ធិភូបាល ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកដោយចែកទាហានជើងទឹកជា៣ក្រុម។ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូក ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវ២ជួរ ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃដែរ។ ឯក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែង មានដំបូលតែមួយកំណាត់ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។ តាមសៀវភៅ និងឯកសារជាប្រភពទាំង២ខាងលើ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបូរាណ ជាប្រទេសមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែ និងមានវិធីហ្វឹកហ្វឺន សមយុទ្ធកងទ័ព ជាប្រពៃណីរៀងរាល់ឆ្នាំ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះជារៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបូរាណនេះឯង។

ក្រៅពីរំលឹកទៅដល់វីរភាពនៃកងទ័ពខ្មែរសម័យបុរាណ ឯកឧត្តមបានមានប្រសាសន៍ទៀតថា ព្រះរាជពិធីបុណ្យអុំទូកគឺត្រូវបានរៀបចំឡើងក្នុងបំណង«ដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឲ្យកករល្អក់» ព្រមទាំងដើម្បីឧទ្ទិសដល់ព្រះចង្កូមកែវ គឺធ្មេញរបស់ព្រះពុទ្ធអង្គ ដែលស្ដេចនាគរាជ លោកយកទៅតម្កល់ទុកនៅឯឋានភុជង្គនាគផងដែរ។

ចំណែកឯ ពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទាន ដល់ឥទ្ទ្រព្រាហ្មណ៍។ ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥទ្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបាននិយាយថា “ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ”។ ពេលនោះទន្សាយពោធិសត្វបានពោលថា “ខ្ញុំមានតែសាច់ និងឈាមត្រូវការឲ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ”។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាម ប៉ុន្តែដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើ យកម្នាងសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបន្ថែមថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ពិសេសតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ធ្វើឲ្យប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព ពេញលេញក្នុងប្រវត្តិសាស្រ្តជិត៥០០ ឆ្នាំពុំធ្លាប់មាន ដែលនេះជាបុរេល័ក្ខខ័ណ្ឌសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានភាពរីកចម្រើន និងលេចធ្លោរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

សន្តិភាព ដែលយើងទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជ រដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្ត បានធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត មានលក្ខណៈល្អប្រសើរធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសេចក្តីសុខសាន្ត ហើយខេត្តទទួលបានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយ ចីរភាព ដែលជាកាលានុវត្តភាព និងលទ្ធភាពក្នុងការរៀបចំពិធីនានា។ ជាក់ស្តែង ពិធីអុំទូកនៅក្រុង តាខ្មៅ ខេត្តកណ្តាល នាថ្ងៃនេះ អាចប្រព្រឹត្តទៅបានក៏អាស្រ័យដោយខេត្តមានការអភិវឌ្ឍនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថានភាពរបស់ប្រទេសមានសន្តិភាព និងស្ថេរភាពផងដែរ ៕