ក្រុមចោរចូលគាស់ទូរដែកក្នុងរោងចក្រ ​ទាំងកណ្តាលអធ្រាត្រ យកលុយអស់រាប់លានដុល្លារ

ខេត្តកំពង់ស្ពឺ៖ រោងចក្រ​ផលិតស្រោមជើង ហ៊្វូត ហ្វ័រវើត ខេមបូឌា សកន៍ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមចោរចូលធ្វើសកម្មភាពគាស់ទូដែក​យកលុយអស់រាប់លានដុល្លារ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ ។ ប៉ុន្តែករណីនេះ គេមានការងឿយឆ្ងល់ថា ទីតាំងរោងចក្រខាងលើ គឺជួលសន្តិសុខឯកជនយីហោ (ATS) យាមប្រចាំការ២៤ម៉ោង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកសំរោងទងផងដែរ ហេតុអ្វីក្រុមចោរធ្វើសកម្មភាពយកលុយបានស្រួលយ៉ាងដូច្នេះ?

បើតាមប្រភពព័ត៌មានបាននិយាយឱ្យដឹងថា ក្រុមចោរបានកាត់របងលួសចូលទៅក្នុងរោងចក្រខាងលើមានគ្នាមិនក្រោម០៤នាក់នោះទេ ហើយក្រុមចោរអាចធ្វើសកម្មភាពចន្លោះម៉ោង០១ ទៅ០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីធ្វើសកម្មភាពគាស់ទូរដែកយកលុយរាប់លានដុល្លារទៅបាត់ហើយនោះ ខណៈដែលក្រុមសន្តិសុខឯកជនក្រុមហ៊ុន(ATS)និងកម្លាំងសមត្ថកិច្ចស្រុកសំរោងទង និងប៉ុស្តិយាមពេលយប់ទៀតនៅតែក្រុមចោរលួចយកលុយរាប់លានដុល្លារបានទៀត។ ប្រភពនិយាយថា បើយាមមានគ្នាច្រើនម្លឹងៗ ហើយចេញបិត ចូលបិតទ្វារម្លឹងៗហើយ (បើខ្មោចក្នុងមិនអោយដៃទេ តើខ្មោចក្រៅម្តេចនិងហ៊ានចូលទៅ)។

ពាក់ពន្ធ័និងការលើកឡើងរបស់ប្រភពពីប្រជាពលរដ្ឋរាយការណ៍មកនោះ អ្នកយកព័ត៌មានយើងបានចុះទៅដល់មុខរោងចក្រទីតាំងកើតហេតុខាងលើ ទាក់ទងទៅលោកនាយប៉ុស្តិនគរបាលរដ្ឋាលឃុំកាហែង លោកនៅក្នុងរោងចក្រស្រាប់ ប្រាប់សារព័ត៌មានថា​ រកទីតាំងមិនទាន់ឃើញ។ ​

ចំណែកលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានជិះរថយន្តពង្វៀងដានអ្នកសារព័ត៌មានយើង បើទោះបីលោកចូលទៅដល់ទីតាំងកន្លែងកើតហេតុក៏ដោយ ក៏ទូរសព្ទ័ចូលលែងលើកសោះ ហាក់បីដូចជាចង់លាក់បាំងព័ត៌មានជាមួយករណី ក្រុមចោរគាស់ទូរដែកយកលុយរាប់លានដុល្លារនេះ។

នេះជាព័ត៌មានបឋមដែលអ្នកសារព័ត៌មានយើងទទួលយកបាន ប៉ុន្តែចំនួនលុយដែលត្រូវក្រុមចោរគាស់ទូរដែកយកទៅបានរាប់លានដុល្លារនោះចំនួន ពិតប្រាកដមិនទាន់ដឹងឡើយ ៕