បង្ក្រាបក្រុមជនជាតិចិនបង្កភាពអណាធិបតេយ្យ នៅក្រុងប៉ោយប៉ែត ឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់

ប៉ោយប៉ែត៖ ក្រុមជនជាតិចិនជាង១០នាក់ ប្រដាប់ដោយយបំពង់ទីប និងដែកស្ទើរគ្រប់ដៃ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថ ក្រុងប៉ោយប៉ែតបង្រ្កាប ឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១លំងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ នៅលើដងផ្លូវបេតុង ជិតបុរី ហ្គូដឡាក់ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត្រ ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖  ជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួននេះមានចំនួន១៣នាក់។ ប្រភពថា មុនកើតហេតុជនជាតិទាំងនេះមានជម្លោះជាមួយខ្មែរមួយក្រុម ប៉ុន្តែមិនដឹងមូលហេតុពិតប្រាកដខ្លះថា អាចដោយសាររឿងស្រី រឺក៏យ៉ាងណា ព្រោះក្រុមខ្មែរដែលមានជម្លោះជាមួយនោះ បានគេចខ្លួនអស់ហើយ។

ប្រភពបន្តថា ដំបូងជនជាតិចិនមានគ្នា៤ទៅ៥នាក់ទេ ប៉ុន្តែពេលជម្លោះកើតឡើង ពួកគេបានទូរស័ពហៅគ្នាមកកាន់តែច្រើនប្រដាប់ដោយបំពង់ទីប និងដែកស្ទើរគ្រប់ដៃសូម្បីសមត្ថកិច្ចចូលបង្រ្កាប ក៏ពួកគេហាក់មិនស្តាប់ធ្វើឲ្យសមត្ថកិច្ចពិបាក ទើបឈានដល់ការបំផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់តែម្តង ។

លោក ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ករណីខាងលើពេលនេះ កំពុងសាកសួរជនជាតិចិននៅឡើយហើយ ក៏មិនទាន់ដឹងមូលហេតុពិតប្រាកដនោះដែរ ព្រោះតែភាគីពាក់ព័ន្ធម្ខាងទៀតជាជនជាតិខ្មែរបានគេចខ្លួនអស់ ។

លោកបន្តថាករណីនេះ មិនទាន់ឈានដល់អំពើរហឹង្សាបង្កររបួសស្នាមលើបុគ្គលណាមួយទេ ដូច្នេះក្រោយសាកសួរអាចត្រឹមតែអប់រំហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ៕