សមត្ថកិច្ចចាប់ខ្លួនឃាតករសម្លាប់ក្មេងស្រី ២នាក់ ញាត់សពចូលកេសយ៉ាងសាហាវឃោឃៅ នៅស្រុកបរិបូរណ៍បានហើយ

​កំពង់ឆ្នាំង៖ បន្ទាប់ពីមានអំពើឃាតកម្ម​សម្លាប់ក្មេងស្រីពីរនាក់ រួចញាត់សពចូលក្នុងកេសដែក បណ្តាលឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌មកនោះ ពេលនេះ សមត្ថកិច្ច​បានស្រាវជ្រាវចាប់ខ្លួនឃាតករបានហើយ និងនាំយកទៅធ្វើត្រាប់តាមនៅរសៀល ថ្ងៃទី ២១​ខែតុលា ឆ្នាំ២០១៨នេះ ។

លោក ប៉ុល វុទ្ធី  ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យកណ្ដាលយុត្តិធម៌  បានឲ្យដឹងថាជនដៃដល់ក្នុងអំពើឃាតកម្មយ៉ាងសាហាវយ៉ង់ឃ្នងនេះ មានឈ្មោះ ឆុំ ពយ ហៅ ផ្លយ តូចអាយុ២៣ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយកុមារីរងគ្រោះ និងមានផ្ទះចម្ងាយពីគ្នា តែជាង៧០ម៉ែត្រ ប៉ុណ្ណោះ ។  ជនដៃដល់ត្រូវជាបងប្អូនជីទួតមួយនឹងកុមាររីរងគ្រោះ ។

លោកស្នងការរងបានឱ្យដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅយប់ថ្ងៃកើតហេតុ គឺមានយុវជនមួយក្រុមមានមនុស្សប្រមាណ ជិត១០នាក់ ក្នុងនោះក៏មានជនសង្ស័យម្នាក់ផងដែរ បាននាំគ្នាផឹកស៊ី នៅផ្ទះមួយផ្សេងទៀត ជិតផ្ទះកុមារីរងគ្រោះ ។ លុះពលផឹកស៊ីបានបញ្ចប់  អ្នកផឹកស៊ីបានបែកគ្នាទៅផ្ទះអស់ទៅ   ។ ពេលនោះ ជនដៃឈ្មោះ ឆុំ ពយ បានដើរសំដៅមកផ្ទះកុមារីរងគ្រោះ រួចឡើងទៅចាប់រំលោភក្មេងស្រីរងគ្រោះជាបងឈ្មោះ អ៊ុន លក្ខិណា អាយុ ១៤ រហូតបានសម្រេច ។ ក្រោយពេលរំលោភក្មេងស្រីហើយ ជនដៃដល់បានគម្រាម មិនឱ្យក្មេងស្រីរងគ្រោះប្រាប់នរណាទេ តែក្មេងស្រីរងគ្រោះ បាននិយាយថា និងប្រាប់គេ ហើយប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនទៀត ។ ស្របពេលនោះដែរ ក្មេងស្រីរងគ្រោះជាប្អូន ឈ្មោះ ជន់ មេត្តា អាយុ ៧ឆ្នាំ បានភ្ញាក់ ហើយស្រែកយំ ពេលនោះ ជនដៃដល់បានវ៉ៃក្មេងរងគ្រោះជាប្អូន មួយដៃ រហូតសន្លប់ ហើយបន្ទាប់មក ក៏វាយក្មេងស្រីរងគ្រោះជាបងរហូតដល់សន្លប់ ។ បន្ទាប់មកទៀត ជនដៃដល់ បានយកខ្នើយសង្កត់ខ្ទប់មុខ ក្មេងស្រីរងគ្រោះទាំងពីររហូតដល់ដាច់ខ្យល់ស្លាប់ ។ ក្រោយពីសម្លាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់ហើយ ជនដៃដល់ បានលើកសពក្មេងទាំងពីរដាក់ចូលកេស ដាក់ខោអាវ របស់គ្រួសារក្មេងរងគ្រោះ រួចខ្ទាស់គន្លឹះ និងដើរចេញទៅផ្ទះតែម្តង ។

លោកបានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលជាឃាតក នៅ​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីមកធ្វើការសាកសួរ និងបាននាំទៅធ្វើត្រាប់នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨នេះ ។

សូមរំលឹកថាកុមារីរងគ្រោះ ២នាក់បងប្អូន ត្រូវបានឪពុកម្តាយទៅធ្វើការនៅស្រុកឆ្ងាយ ដោយក្នុងនោះ ឪពុកឈ្មោះ ប្រាក់ ជា ទៅធ្វើការនៅប្រទេសថៃ ម្តាយឈ្មោះ អុល ធីតា ទៅធ្វើការនៅភ្នំពេញ ដោយចោលកូនទាំងពីរនាក់ ឱ្យនៅចាំផ្ទះ ដោយគ្រាន់តែផ្តាំផ្ញើ ឪពុកមា ម្តាយមីងឱ្យជួយមើលប៉ុណ្ណោះ ។ នៅយប់កើតហេតុ ថ្ងៃទី១៧ ខែតុលា កុមារីរងគ្រោះទាំងពីរនាក់ត្រូវជនដៃដល់ រំលោភក្មេងស្រីជាបង ប៉ុន្តែ ក្មេងស្រីជាប្អូនងើបឡើងទាន់ ខ្លាចបែកការ ក៏សម្លាប់ទាំងពីរនាក់បំបិទមាត់តែម្តង៕ ​