មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ករណីបាក់ច្រាំងទន្លេមេគង្គនៅវត្តក្តីតាកុយ គឺមិនមែនបណ្តាលមកពីការបូមខ្សាច់ទេ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នាក់ងារ GNtimes ឱ្យដឹងថា៖ ការបាក់ច្រាំងទន្លេមេគង្គនៅវត្តក្តីតាកុយ មិនមែនបណ្តាលមកពីការបូមខ្សាច់ ហើយក៏មិនមែនមកពីអាជីវកម្មបូមខ្សាច់នៅក្បែរនោះដែរ ការបាក់នេះ គឺមកពីសំពាធទឹកហូរធ្លាក់ពីលើចុះក្រោម ច្រោះបាតដីខាង​ក្រោម ដូចនេះ ការបាក់ស្រុតចេតិយ គឺបណ្តាលមកពីសំពាធទឹកហូរច្រោះ។

មន្ត្រីដដែលបានបញ្ជាក់ថា អាជ្ញាប័ណ្ណបូមខ្សាច់ គឺស្ថិតនៅចំងាយប្រមាណជិត២គីឡូម៉ែត្រ ពីទីតាំងនេះ រីឯការដ្ឋានបាញ់ខ្សាច់ឡើង ស្ថិតនៅចំងាយប្រហែល១គីឡូម៉ែត្រ ហើយដីច្រាំងដែលបានបាក់នោះ គឺជាប្រភេទដីថ្មីដែលវត្តបានបូមខ្សាច់ចាក់បំពេញ និងអនុញ្ញាតឱ្យមានការសាងសង់ចេតិធំៗជាច្រើននៅមាត់ច្រាំងទន្លេដែលទើបនិងចាក់ដីថ្មី ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ម្សឹលមិញនេះ មានករណីបាក់ដីច្រាំងទន្លេមេគង្គ បណ្តាលឱ្យចេតិយចំនួន២ នៅក្នុងវត្តក្តីតាកុយ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ហៀបនឹងបាក់រលំ ហើយ​ចេតិយមួយចំនួនទៀត ក៏ប្រឈមនឹងការបាក់ស្រុតចូលច្រាំងទន្លេផងដែរ ប្រសិនបើអាជ្ញាធរមិនមានវិធានការទប់ស្កាត់។

ករណីនេះ បើតាមលោកស្រី យន់ សុផល ចៅសង្កាត់វាស្បូវបានប្រាប់ថា៖ កាលពីថ្ងៃទី ១៤ ខែតុលា កន្លងទៅថ្មីៗនេះ គឺបានបាក់ដីនៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២០ ម៉ែត្រ ហើយលើកទី ២នេះ នៅខាងក្រោយវត្តក្តីតាកុយ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក៏កើតមានករណី បាក់ស្រុតច្រាំងទន្លេនេះទៀត ។

លោកស្រីថា គ្រោះធម្មជាតិមួយនេះ គឺបណ្ដាលមកពីចរន្តទឹកហូរសើមច្រោះនៅបាតក្រោមដីខាងក្រោម ហើយដីនេះ ជាប្រភេទដីល្បាយ ដែលព្រះចៅអធិការវត្តបានបូមខ្សាច់ដាក់កាលពី ២ឆ្នាំមុន ។ ម្យ៉ាងទៀតចេតិយនេះ បានសាងសង់នៅកៀកមាត់ទន្លេផង ទើបធ្វើឲ្យមានគ្រោះបាក់ច្រាំងយ៉ាងដូច្នេះ ។ ឥឡូវនេះ ខាងម្ចាស់ចេតិយ កំពុងបូមខ្សាច់ចាក់បំពេញច្រាំង ដើម្បីការពារការបាក់រលំចេតិយ រអិលចូលទៅក្នុងទឹក ។

ជុំវិញការបាក់ច្រាំង ដែលបង្កឲ្យមានប៉ះពាល់ដល់ចេតិយនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ដាក់បន្ទុកទៅលើការបូមខ្សាច់ រីឯអ្នកខ្លះទៀតបានយល់ឃើញថា៖ អាចបណ្តាលមកពីទឹកហូរច្រោះខ្សាច់ក្រោមចេតិយ និងដោយសារមានភ្លៀងធ្លាក់ខ្លាំងនាយប់ម្សឹលម៉ិញផង ៕