ព្រឹកនេះ មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ចុះរៀបចំសណ្តាប់ធ្នាប់ និងវាស់វែងពង្រីកចិញ្ចើមផ្លូវជាតិលេខ២

ខេតកណ្តាលៈ ដោយ បញ្ញា
មន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកណ្តាលដឹកនាំដោយលោក ម៉ឹង យូឡេង ប្រធានមន្ទីរខេត្ត នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៨នេះ បានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការវាស់វែង ពង្រីកចិញ្ចើមផ្លូវជាតិលេខ២ នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ខណៈចុះវាស់វែងផ្លូវ លោកប្រធានមន្ទីរ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីវករដែលនៅអមសងខាងផ្លូវជាតិលេខ២ ឱ្យរុះរើឥវ៉ាន់ និងកាត់សំយ៉ាបដែលប៉ះពាល់ចិញ្ចើមផ្លូវចេញ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ប្រសិនបើប្រជាពលរដ្ឋ និងអាជីវករ មិនធ្វើតាមការជម្រាបជូនទេ ខាងមន្ទីរនឹងដាក់គ្រឿងចក្រមកឈូសឆាយ ពេលនោះ សូមឱ្យប្រជាពលរដ្ឋកុំមានការថ្នាំងថ្នាក់ ។


ការរៀបចំសណ្តាប់ធ្នាប់ពង្រីកផ្លូវនេះ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការសប្បាយចិត្ត ពេលទទួលបានដំណឹងថា មន្ទីរសាធារណការពង្រីកផ្លូវជាតិលេខ២ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ហើយពួកគាត់មិនមានការថ្នាំងថ្នាក់ពីបញ្ហាកាត់សំយ៉ាបផ្ទះ ក៏ដូចជាការរើរបស់របរខិតចូលក្នុងនោះទេ ។


ទន្ទឹមនោះ ក៏មានប្រជាពលរដ្ឋមួយចំនួនទៀតលើកឡើងដែរថា គាត់សប្បាយចិត្តពេលឮថា មន្ទីរសាធារណៈការខេត្ត នឹងធ្វើការឈូសឆាយពង្រីកផ្លូវជាតិលេខ២នេះ ប៉ុន្តែគាត់ស្នើសុំសុំឱ្យខាងមន្ទីរ ធ្វើយ៉ាងណាស្ថាបនាឱ្យបានលឿន កុំដល់ពេលឈូសឆាយរួច ទុកផ្លូវចោលមិនធ្វើ បង្កការលំបាកដល់ពួកគាត់ក្នុងការប្រកបមុខរបររកស៊ី ព្រោះពេលឈូសឆាយរួច នឹងធ្វើឱ្យមានការហុយកាន់តែខ្លំាងឡើងៗ ខុសពេលពេលបច្ចុប្បន្ន ៕