ផ្លូវមួយខ្សែចូលទៅកាន់ច្រកព្រំដែនព្រែកស្បូវ នៅស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានឈូសឆាយសម្រួលចរាចរណ៍ឡើងវិញហើយ

ខេត្តកណ្តាល: ដោយ  បញ្ញា

ផ្លូវ១ខ្សែមានប្រវែងប្រមាណ ៥គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ ២១ ចូលទៅកាន់ច្រកព្រំដែនថ្នាក់តំបន់នៃភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានខូចខាតខ្ទេចស្ទើរទាំងស្រុង ដោយសារតែការដឹកជញ្ជូនគ្មានស្គាល់ពេលថ្ងៃពេលយប់នៃរថយន្តគ្រប់ប្រភេទ ពិសេសគឺរថយន្តខ្នាតយក្សប្រភេទកង់១០ កង់១២ និងសណ្តោងនោះ ។ ឥឡូវនេះ ត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយសម្រួលចរាចរណ៍ អាចបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានស្រួលវិញហើយ ។ ជាមួយគ្នានេះ អាជ្ញាធរបានហាមឃាត់មិនឲ្យរថយន្តធន់ធ្ងន់ដែលដឹកទំនិញលើសចំណុះធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវនេះជាដាច់ខាត ។ នេះបើតាមលោក អេង មោគ្ខ អភិបាលស្រុកកោះធំបានបញ្ជាក់ប្រាប់ភ្នាក់ងារ GNtimes នៅក្នុងសាលាស្រុកកោះធំកាលពីព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ម្សិលម៉ិញនេះ ។

លោក អេង មោគ្ខ បានបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យផ្លូវនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ គឺដោយសារឆ្នាំនេះទឹកឡើងខ្លាំងពេញប្រៀបចិញ្ចើមផ្លូវ និង មានភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ ហើយស្របពេលដែលមានរថយន្តធន់ធ្ងន់ផ្ទុកទំនិញធ្វើចរាចរណ៍ឆ្លងកាត់ទាំងយប់ទាំងថ្ងៃផងនោះ ទើបបណ្តាលឲ្យផ្លូវមួយខ្សែនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរតែម្តង ។

ពាក់ព័ន្ធនឹងរថយន្តធន់ធ្ងន់ឆ្លងកាត់បណ្តាលឲ្យផ្លូវខូចនេះ មិនមែនមិនយកចិត្តទុកដាក់ធ្វើការហាមឃាត់នោះទេ កន្លងមកអាជ្ញាធរបានចេញលិខិតហាមឃាត់ដល់ក្រុមហ៊ុននិងប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផលក៏ដូចទំនិញផ្សេងៗ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវនេះទេ ប៉ុន្តែមានឈ្មួញមួយចំនួនបានហៅអ្នកសារព័ត៌មានមកធ្វើកិច្ចសម្ភាសន៍ចុះផ្សាយដោយចោទប្រកាន់រិះគន់ អាជ្ញាធរយ៉ាងចាស់ដៃថា អាជ្ញាធរធ្វើបាបរាស្ត្រ ។

លោកថា ការធ្វើបែបនេះ គឺឲ្យលោកមានការលំបាកក្នុងការដោះស្រាយ ឬមួយក៏ចង់ឲ្យលោកទៅដេកទទឹងផ្លូវដើម្បីមើលផ្លូវណឹង ក្នុងនាមលោកជាអភិបាលស្រុករាល់ថ្ងៃនេះ គឺធ្វើការបំរើប្រជាពលរដ្ឋទូទៅទាំងស្រុកកោះធំ មិនអាចពុះច្រៀកខ្លួនទៅបំរើតែក្រុមឈ្មួញប៉ុន្មាននាក់ហ្នុងទេ ។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែទទូចស្នើសុំឲ្យអាជ្ញាធរស្ថាបនាផ្លូវនេះ ដោយចាក់កៅស៊ូឡើងវិញ បើពុំនោះទេ ផ្លូវនេះនៅតែរងការខូចខាតដដែល គឺបណ្តាលមកពីរថយន្តដឹកត្រីកំពប់ទឹកហៀរធ្លាក់ស្រោចមកលើផ្លូវជារៀងរាល់ថ្ងៃស្របពេលដែលរថយន្តដឹកទំនិញធ្ងន់ៗធ្វើចរាចរណ៍ឆ្លងកាត់ជាន់ញីញួករាល់ថ្ងៃនោះ ៕