ក្រសួងធនធានទឹក និងឧតុនិយម៖ បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖  នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ឱ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។

ក្នុងសេចក្តីជូនដំណឹងនោះបានឱ្យដឹងថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅវេលាម៉ោង០១យប់ រំលងធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែតុលានេះ មានវិសម្ភាធ (TD) មួយបានកើតឡើងនៅក្នុងឈូងសមុទ្រថៃ ។ វិសម្ពាធនេះ បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ ។

យោងតាមការព្យាករ វិសម្ពាធខាងលើ នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាបង្កឱ្យ៖

-តំបន់មាត់សមុទ៖ ផ្ទៃមានសភាអអាប់អួ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់មានល្បឿន ១៧-១៩ ម៉ែត្រ ក្នុងមួយវិនាទី ។ រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ពិសេសនៅថ្ងៃទី២០ និង២១ខែតុលា ។

-តំបន់ទំនាប់កណ្តាល៖ បណ្តាខេត្តដែលឋិតនៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។

-តំបន់ខ្ពង់រាប៖ មានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។