រថយន្តសង្គ្រោះមន្ទីរពហុព្យាបាល អ៊ុ សារ៉ន បើកបញ្ច្រាសផ្លូវ ទៅបុករថយន្តជនជាតិចិនខ្ទេចមុខទាំងសងខាង

ភ្នំពេញ៖ រថយន្តសង្រ្គោះរបស់មន្ទីរពហុព្យាបាល អ៊ុ សារ៉ន់ មួយគ្រឿង បើកបរបញ្ច្រាស់ផ្លូវ ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ជនជាតិចិន កំពុងបើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង២ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខសណ្ឋាគារ យូ អេងក្នុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា រថយន្តបង្កខាងលើ ម៉ាកសាំយ៉ុង ពណ៌ស កែច្នៃធ្វើជារថយន្ត ដឹកអ្នកជម្ងឺ របស់មន្ទីរពហុព្យាបាលឯកជនយីហោ អ៊ុ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺបាន បើកបរល្បឿនលឿន ទាំងពុំមានដឹកជនរងគ្រោះ ឬអ្នកជម្ងឺឡើយ ពិសេស បានបើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ តាមផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកក្បាលរថយន្ត ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ បើកបរដោយជនជាតិចិន កំពុងឆ្លងផ្លូវពីជើងទៅត្បូងបំណងបត់ឆ្ពោះទៅកើត បណ្តាលឲ្យរងខូចខាតខ្ទេចសងខាង រថយន្តកូរ៉ូឡាដាច់កាឡេថែមទៀតផង ។

សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា នៅវេលាខាងលើ គេឃើញរថយន្តសង្គ្រោះខាងលើ ជិះបញ្ច្រាស់ផ្លូវ និងមានបើកភ្លើងសញ្ញា និងសារ៉ែនសុំបើកផ្លូវថេមទៀតផង ពួកគាត់ស្មានតែរថយន្តនោះ ប្រញ៉ាប់ដឹកជនរងគ្រោះ ឬអ្នកជម្ងឺយកទៅសង្រ្គោះ ដល់បង្កបញ្ហាគ្រោះថ្នាក់ដល់អ្នកដទៃ ពិនិត្យ ឆែកមើលមែនទែន អត់មានអីផងនឹង តាមពិតឡានគាត់អាងសារ៉ែន ឃើញផ្លូវម្ខាងស្ទះចង្អៀត គាត់ចង់លឿន ទើបបើកបញ្ច្រាស ក្រោយពីដឹងរឿង ល្បិចកលរបស់អ្នកបើកបររថយន្តខាងលើ ធ្វើឲ្យប្រជាពលរដ្ឋ ងឿងឆ្ងល់ អ្នកបើកបររថយន្ត មន្ទីរពហុព្យាបាលខាងលើ អត់ដែលចូលរៀន សាលាសង្រ្គោះ ឬមិនបានរៀនច្បាប់សង្រ្គោះ ទេឬ ? ឬមួយអាងតែឡានចាប់សារ៉ែន បើកបានអិញ្ចឹងទាំងអស់ឬ ? ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងអៀបកៀនខាង ដើម្បីឲ្យនិយាយសម្របសម្រួលគ្នា ជាលទ្ធផល ភាគីរថយន្តបង្ក មន្ទីរពហុព្យាបាលឯកជនដែលគេស្គាលឈ្មោះពេទ្យ អ៊ុ សារ៉ន ជួយចេញសង១០០ដុល្លា ថ្លៃខូចខាតភាគីម្ខាងទៀត ដើម្បីបញ្ចប់រឿង ។ បើតាមសម្តីរបស់អ្នកខេត្តកំពង់ស្ពឺបាននិយាយថា រថយន្តរបស់មន្ទីរពហុព្យាបាលឯកជន បើកលឿនបុករថយន្តគេនោះ ជារថយន្តរបស់លោកគ្រូអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងជាម្ចាស់មន្ទីរពហុព្យាបាលឯកជនខាងកើតផ្សារកំពង់ស្ពឺយីហោ អ៊ុ សារ៉ន ផងដែរ៕