ការវាយប្រហារអាកាសរបស់អាមេរិកសម្លាប់សកម្មប្រយុទ្ធ Al-Shabab ៦០នាក់នៅប្រទេស សូម៉ាលី

យោធាអាមេរិកបាននិយាយថា ខ្លួនជឿថា ពួកសកម្មប្រយុទ្ធ al-Shabab ប្រមាណ៦០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារអាកាសរបស់ខ្លួននៅកណ្តាលប្រទេសសូម៉ាលីកាលពីថ្ងៃសុក្រមុន។

យោធាបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនៅជុំវិញតំបន់ “Harardere” មិនបានបង្ករបួសឬសម្លាប់ជនស៊ីវិលទេ។

សហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយកងកម្លាំងសូម៉ាលីដើម្បីវាយប្រហារក្រុម al-Shabab។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា នេះគឺជាការវាយប្រហារតាមអាកាសដែលសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧មកនៅពេលពួកសកម្មប្រយុទ្ធចំនួន១០០នាក់ត្រូវបានសម្លាប់៕