ផ្លូវមួយខ្សែចូលទៅកាន់ច្រកព្រំដែនព្រែកស្បូវ (ច្រកតំបន់) ស្រុកកោះធំ ខេត្តកណ្តាល រងការខូចខាតស្ទើរទាំងស្រុង (Videos inside)

ខេត្តកណ្តាល: ដោយ បញ្ញា

ផ្លូវមួយខ្សែមានប្រវែងប្រមាណ ៥គីឡូម៉ែត្រ ដែលបំបែកចេញពីផ្លូវជាតិលេខ២១ ចូលទៅកាន់ច្រកព្រំដែនថ្នាក់តំបន់ នៃភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានខូចខាតខ្ទេចស្ទើរទាំងស្រុង ដោយសារ​តែ​ការ​ដឹកជញ្ជូនគ្មានស្គាល់ពេលថ្ងៃ ពេលយប់ នៃរថយន្តគ្រប់ប្រភេទ ពិសេសគឺរថយន្តខ្នាតយក្សប្រភេទកង់១០ កង់១២ និងប្រភេទសណ្តោង ។

ផ្លូវមួយខ្សែនេះ តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ គឺធ្លាប់ខូចខាត ៣ទៅ៤ លើករួចមកហើយ ប៉ុន្តែបានជួសជុលវិញជាហូរហែរក្រោយមានប្រតិកម្មពីប្រជាជន ពិសេសព្រះសង្ឃគណៈកម្មការអាចារ្យវត្តព្រែកស្បូវតែម្តង ។

វត្តព្រែកស្បូវ គឺជាវត្តប្រវត្តិសាស្ត្រមួយ ដែលមានទីតាំងស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ហើយពុទ្ធិបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ក៏ពឹងផ្អែកលើផ្លូវតែមួយខ្សែនេះ ដើម្បីចូលទៅធ្វើបុណ្យធ្វើទាន ។ តែជាអកុសផ្លូវមួយខ្សែដែលសម្រាប់ធ្វើដំណើរទៅកាន់វត្ត និងទៅកាន់តំបន់ច្រកព្រំដែន បានខូចខ្ទេចដោយគ្មានភាគីណាមួយទទួលខុសត្រូវនោះទេ មិនថាតែអាជ្ញាធរមូលដ្ឋាន ឬអង្គភាពឈរជើងនៅចំណុចត្រួតពិនិត្យព្រំដែនព្រែកស្បូវ ។

តាមរយៈភ្នាក់ងារ GNtimes បានចុះទៅពិនិត្យយកព័ត៌មានផ្ទាល់សង្កេតឃើញថា ការខូចខាតគ្មានអ្វីក្រៅពីរថយន្តដឹកជញ្ជូនលើសទម្ងន់នោះឡើយ ។ ផ្អែកលើទិដ្ឋភាពជាក់ស្តែង ផ្លូវមានទំហំតូច ទឹកមានកំពស់ស្ទើរស្មើនឹងផ្លូវ ប៉ុន្តែរថយន្តដឹកជញ្ជូនភាគច្រើន គឺរថយន្តធំៗ កង់១០ កង់១២ និងខ្លះរហូតមានកន្ទុយសណ្តោងឯណោះ ។ តាមការសាកសួរ រថយន្តប្រភេទនេះផ្ទុកចំណុះចន្លោះ ២៥ ទៅ ៣៥ តោនដោយមិនទាន់គិតពីទម្ងន់តួរថយន្តផង ។

អ្វីជាការកត់សម្គាល់មួយវិញទៀត គេឆ្ងល់ថា ច្រកព្រំដែនមួយនេះ ស្ថិតក្នុងកំរិតច្រកតំបន់ ចុះហេតុអ្វីបានជាមានឡានទំនិញឆ្លងចេញចូលដោយសេរីបែបនេះ? ហើយសុទ្ធសឹងជារថយន្តដឹកទំនិញធន់ធ្ងន់ទៅទៀត។ តើច្បាប់អនុញ្ញាតិឱ្យដែរឬទេ? និងតើទំនិញទាំងនោះមានបង់ពន្ធគយជូនរដ្ឋដែរឬយ៉ាងណា?

ជាចុងក្រោយ ប្រជាពលរដ្ឋក្រោយពេលឃើញភ្នាក់ងារសារព័ត៌មានយើងចុះទៅ គាត់បានសម្តែងការខឹងសម្បារ និងសំណូមពរឱ្យអជ្ញាធរមានវិធានការបន្ទាន់ និងសូមធ្វើផ្លូវនោះឡើងវិញ ហើយសុំធ្វើ និងហាមរថយន្តធន់ធំៗឱ្យបានយូរអង្វែងផង កុំហាមបានតែមួយចំអិនកំពឹសដូចសព្វដង ។ យ៉ាងណាក៏ដោយ ភ្នាក់ងារសារព័ត៌មាន GNtimes យើងនឹងរង់ចាំមើលការឆ្លើយតប ក៏ដូចជាវិធានរបស់អាជ្ញាធរពាក់ព័ន្ធ ពិសេសលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលតែម្តង ៕