លោក ហ៊ុន ម៉ា​ណែ​ត​: មាន​សុខសន្តិភាព ស្ថេរភាព ទើប​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​ទៅមុខ​

​ដោយ ដោយ ចៅ ជេ​ត​
​ត្បូងឃ្មុំ​: លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា​៖ នៅពេលដែល​ប្រទេស​យើង​មាន​សុខសន្តិភាព ស្ថេរភាព ទើប​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​ទៅមុខ​។ លោក​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលារៀន​អន្តរជាតិ​អាល់​រ៉ូ​ស​ម៉ាន ចំនួន ០១​ខ្នង មាន​២​ជាន់ ១០​បន្ទប់ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៨​។

​លោក​ថ្លែង​បន្ថែមថា នៅ​តំបន់​ឃុំ​សេ​ដា​នេះ ពីមុន​យើង​គ្មាន​អី​សោះ ប៉ុន្តែ​ថ្ងៃនេះ យើង​បាន​កសាង​សម​ទ្ធិ​ផល​ជាច្រើន ហើយ​២០​ទៅ​៣០​ឆ្នាំ​ទៅមុខទៀត យើង​នឹងមាន​សមិទ្ធផល​ជាច្រើន​បន្ថែមទៀត សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ប៉ុន្តែ​យើង​ត្រូវ​រួមគ្នា​បន្តទៀត ដើម្បី​ថែរក្សា​សុខសន្តិភាព​, រួមគ្នា​កសាង​ប្រទេស​យើង ក្នុងនាម​ជា​ខ្មែរ យើង​រួមគ្នា​ការពារ​ខ្មែរ​យើង​។

​លោក​បាន​សង្កត់ធ្ងន់ថា សម​ទ្ធិ​ផល​ដែល​យើង​មាន​ថ្ងៃនេះ បាន​ដោយសារ​ការចូលរួម​ពី​តួអង្គ​សំខាន់ៗ រួមមាន សប្បុរសជន​ដែលមាន​ទឹកចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​នៅក្នុង​ការកសាង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​បាន​ជួយ​សម្របសម្រួល និង​ជម្រុញ​ការកសាង​សមិទ្ធផល​នៅថ្ងៃនេះ​។ ប៉ុន្តែ​តួអង្គ​សំខាន់​មួយទៀត គឺ​សុខសន្តិភាព និង​គោលនយោបាយ​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ដែល​បង្ក​ឱកាស​ឱ្យ​ឲ្យ​សប្បុរសជន​ចូលរួម​អភិវឌ្ឍ ជួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្ដល់​សិទ្ធិសេរីភាព​នៅក្នុង​ជំនឿ​សាសនា​ផ្សេងៗ​នៅ​កម្ពុជា​។ នេះ​គឺជា​ស្មារតី​នៃ​ការចូលរួម ស្មារតី​រួមគ្នា​នៅក្នុង​ការកសាង​នៅក្រោម​ដំបូល​នៃ​សន្តិភាព​។ សូម​អបអរសាទរ​និង​អរគុណ​នូវ​ស្មារតី​នេះ​។​

លោក ហ៊ុន ម៉ា​ណែ​ត ក៏​សូម​អរគុណ​ប្រជាពលរដ្ឋ​ចំពោះ​ការទុកចិត្ត និង​សូម​បន្ត​ទុកចិត្ត​គាំទ្រ​សម្តេច​តេ​ជោ​ដើម្បីឱ្យ​លោក​មានឱកាស​ដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​។ ព្រោះ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ គឺ​ការបង្ក​ឱកាស​ឲ្យ​សម្តេច​ជោ​ដែលជា​តួអង្គ​សំខាន់ ដឹកនាំ​ប្រទេស​ឲ្យ​រីកចម្រើន​មកដល់​ថ្ងៃនេះ និង​តទៅ​មុខ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង ៕