លោក សុះ ម៉ាច ស្នើពីរចំណុចដើម្បីឱ្យបទចម្រៀងគេចផុតពីការរិះគន់ និងហាមឃាត់

ភ្នំពេញៈ ដោយ ទេព មង្គល
អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានលើកឡើងថា បើមិនចង់ឱ្យមានការរិះគន់ និងប្រឈមពីការហាមឃាត់ គឺរាល់បទចម្រៀងខ្មែរមុននឹងចេញចរាចរណ៍នៅលើទីផ្សារត្រូវតែធ្វើការត្រួតពិនិត្យអោយបានល្អិតល្អន់ទាំងអ្នកនិពន្ធ និងក្រសួងដែលពាក់ពន្ធ័ ។ ក្នុងនោះលោកស្នើពីរចំនុចសំខាន់ៗដើម្បីបង្ការបទចម្រៀងមួយជៀសផុតពីការហាមឃាត់ និងរិះគន់ ។

បើតាមការលើកឡើងរបស់តារាចម្រៀងចាស់វស្សាលោក សុះ ម៉ាច ពីរចំណុចដែលលោកស្នើនោះ ទី១ សូមអ្នកនិពន្ធគ្រប់រូបមេត្តានិពន្ធបទចម្រៀងដោយបង្កប់អត្ថន័យអប់រំឱ្យបានច្រើនទាំងបទមនោសញ្ចេតនា ស្នេហា និងបទព្រាត់ប្រាស់ ក៏ដោយសូមកាត់បន្ថយបទបែបហឹង្សា ហើយងាកមករួមគ្នានិពន្ធបទចម្រៀង ដែលជាបទបែបប្រពៃណី និងប្រជាប្រិយខ្មែរឱ្យបានច្រើន និងសូមកាត់បន្ថយការចម្លងបទបរទេស ឈប់យកបទចម្រៀងមរតកដើមមកកាឡៃទំនុក និងបទភ្លេងតទៅទៀត។

ចំណែកចំនុចទីពីរលោកស្នើក្រសួងវប្បធម៌គួរពិនិត្យពិចារណាអោយម៉ដ្ឋចត់មុននឹងចេញទិដ្ឋាការអោយចរាចរណ៍បទចម្រៀងតាមទីផ្សាររឺរាល់បទចម្រៀងដែលចេញលក់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងជាមុនសិន នោះនឹងជៀសផុតពីការរិះគន់និងការហាមឃាត់មិនខានឡើយ ៕