ភ្ញៀវទេសចរ កើនឡើង ២០,៤២% នៃ​ដំណើរ​កម្សាន្ត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ

រាជធានីភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ០៨-១០ ខែតុលាឆ្នាំ 2018 មានចំនួន១.២៦១.៦៩១នាក់​ កើនឡើង ២០.៤២% ក្នុងនោះ ភ្ញៀ​​ជាតិមានចំនួន ១.២១៤.៦៨៧ កើនឡើង ២០.២៩% ភ្ញៀវ​អន្តរជាតិមានចំនួន ៤៨.០០៤ នាក់ កើនឡើង ២៣.៩៣% ។​

ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានចំនួនភ្ញៀវទេសចរណ៍រួមមាន៖
-ខេត្តសៀមរាប ភ្ញៀវទេសចរសរុបចំនួន ២៥២.៤២២នាក់ កើនឡើង ៤៧.០៥% ក្នុងនោះភ្ញៀវជាតិចំនួនប្រមាណ ២៣០.០០០នាក់ កើនឡើង ៥៣.៣៣% ភ្ញៀវអន្តរជាតិចំនួន ២២.៤២២នាក់ កើនឡើង ៣.៥៨% ។​

– រាជធានីភ្នំពេញ មានភ្ញៀវសរុបចំនួន ១៦.៦៨១នាក់ កើនឡើង ២២១.៦៥% ក្នុងនោះ​ភ្ញៀវជាតិ​ចំនួនប្រមាណ ៧.៣៩៤នាក់ កើនឡើង ១៣៨.៣០% ភ្ញៀវអន្តរជាតិចំនួនប្រមាណ ៩.៣៣២នាក់ កើនឡើង ៣៤៣.៩៦% ។​

– ខេត្តកំពត ភ្ញៀវសរុបចំនួន ១១៧.៦៣៣នាក់ កើនឡើង ១១០.៤៨% ។ សម្រាប់រមណីដ្ឋានបូកគោ ទទួលបានភ្ញៀវទេសចរណ៍ ៣៥.៨១៩នាក់ ហើយរមណីយដ្ឋានទឹកឈូ ទទួលបានភ្ញៀវទេសចរ ៥៧.៥១៤នាក់ ។​

– ខេត្តកំពង់ធំ ភ្ញៀវសរុបចំនួន ៥៩.៣១២នាក់ កើនឡើង ៣៥.៥៦% ក្នុងនោះ​ភ្ញៀវជាតិចំនួន ៥៩.១៧៤នាក់ កើនឡើង ៣៥.៥៧% ភ្ញៀវអន្តរជាតិចំនួន ១៣៨នាក់ កើនឡើង ៣៥.៥៦%​។​

– ខេត្តមណ្ឌលគិរី ភ្ញៀវសរុបចំនួន ១៨.៩២៨នាក់ កើនឡើង ១៩.៨០% ក្នុងនោះ​ភ្ញៀវជាតិ​ចំនួន ១៨.៦៥២នាក់ កើនឡើង ២០.១០% ភ្ញៀវអន្តរជាតិចំនួន ២៧៦នាក់ កើនឡើង ១.៥០% ។​

– ខេត្តពោធិ៍សាត់ ភ្ញៀវសរុបចំនួន ៥៦.៥២១នាក់ កើនឡើង ៧៣.៩០% ក្នុងនោះ​ភ្ញៀវជាតិ​ចំនួន ៥៦.៤៩០នាក់ កើនឡើង ៧៤.១០% ភ្ញៀវអន្តរជាតិចំនួន ៣១នាក់ កើនឡើង ២៦២% ។​

តួលេខនេះអាចនឹងកើនឡើងច្រើនជាងនេះ ដោយសារមន្ទីរទេសចរណ៍មិនរាប់បញ្ចូលភ្ញៀវដែលបានចាប់ផ្ដើមធ្វើដំណើរកំសាន្តនាថ្ងៃសៅរ៍ និងអាទិត្យមុនពិធីបុណ្យ នៅថ្ងៃចុងសប្តាហ៍ក្រោយពិធីបុណ្យ ពោលគឺរាប់តែភ្ញៀវក្នុងកំឡុងពេល 3 ថ្ងៃ នៃថ្ងៃឈប់សម្រាកស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
ទោះជាយ៉ាងណាក៏ដោយផ្អែកលើស្ថិតិដែលទទួលបាន យើងសង្កេតឃើញថា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តតំបន់ឆ្នេរ ៣ រួមមាន៖ កែប, ព្រះសីហនុ និងកោះកុង មានការថយចុះខ្លះ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផល នឹងមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួន ប៉ុន្តែភ្ញៀវដែលទៅកម្សាន្តនៅខេត្តកំពតមានការកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោ និងទឹកឈូ។​

ជាការគួរឲ្យកត់សម្គាល់ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដដែល យើងក៏សង្កេតឃើញផងដែរថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចំរើនកាន់តែប្រសើរ ដោយក្នុងនោះ- អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។
-បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង នឹងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំពីមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាម នៅតែជាបញ្ហា ត្រូវយកចិត្តទុកដាក់បន្ថែម
– បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះផងដែរ ៕