ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរស៊ើបអង្កេតករណី កំប្លោក​អណ្តែត​មកទើរ​តាមឆ្នេរសមុទ្រ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖  ដោយ បញ្ញា

ក្រោយពេលមានការរិះគន់ពីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងបណ្តាញសង្គមនានាមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានប្រើប្រាស់មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ចុះសម្អាតកាកសំណល់សម្រាម និងកំប្លោកដែលអណ្តែតមកទើរតាមឆ្នេរសមុទ្រ និងបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ។

សេចក្តីប្រកាស់នោះបាន ជំរាបជូនសាធារណៈជន និងអ្នកសារព័ត៌មានថា ចាប់តាំងពីថ្ងៃទី​៩ រហូតមកដល់ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨នេះ មានកំប្លោក ដែលមានប្រភពពីសមុទ្រប្រទេសជិតខាង បានហូរអណ្តែតរសាត់លើផ្ទៃសមុទ្រ និងបានមកទើរនៅលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។

បើទោះបីមានការបកស្រាយយ៉ាងដូច្នេះក៏ដោយ ប្រជាពលរដ្ឋនៅតែមានមន្ទិលជុំវិញកំប្លោកជាច្រើនដែលអណ្តែតមកទើរតាមឆ្នេរសមុទ្រ ខណៈរដូវបុណ្យភ្ជំបិណ្ឌបានចូលមកដល់ ។

ប្រជាពលរដ្ឋបានលើកឡើងថា ធម្មតា រុក្ខជាតិរស់នៅលើទឹកមួយនេះ ( កំប្លោក ) វាតែងតែរស់នៅលើទឹកសាប តាមទឹកស្ទឹង បឹងបួរ ព្រែក និងទឹកទន្លេ ហើយមិនអាចរស់នៅលើសមុទ្រទឹកប្រៃបានទេ ។ ជាមួយគ្នានេះដែរ ចំពោះបញ្ហាកាកសំណល់សម្រាមដែលអណ្តែតលាយឡុំជាមួយនិងកំប្លោកមកទើរតាមឆ្នេរសមុទ្រនេះដែរ ក៏ប្រជាពលរដ្ឋនៅតែមានមន្ទិលដដែល ពីព្រោះបញ្ហាកាកសំណល់សម្រាម គណៈកម្មការឆ្នេរបានជម្រុញឲ្យមានការសម្អាតគ្មានសល់តាមបណ្តាឆ្នេរនៅខេត្តព្រះសីហនុ ទើបមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកើនឡើង ។

បុន្តែផ្ទុយទៅវិញ រដូវបុណ្យភ្ជំបិណ្ឌបានចូលមកដល់ ស្រាប់តែមានកាកសំណល់សម្រាម និងកំប្លោកជាច្រើនអណ្តែតមកទើរតាមឆ្នេរសមុទ្រ ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិខ្លាចរអារ៍មិនហ៊ានទៅលេងតំបន់ឆ្នេរបណ្តាលឲ្យប៉ះពាល់លំហូរថវិកាចូលជាតិ និងមុខរបរលក់ដូររបស់ប្រជាពលរដ្ឋនៅតំបន់នោះទៀតផង ។

ដោយសារតែកត្តាទាំងនេះហើយ ទើបប្រជាពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរស៊ើបអង្កេតករណីនេះ ហើយប្រសិនបើសមុទ្រនៅប្រទេសជិតខាងមានកំប្លោកដូចការអះអាងរបស់រដ្ឋបាលខេត្តព្រះសីហនុតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានមែននោះ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធររកប្រភពនិងបង្ហាញឲ្យឃើញថា កំប្លោកគឺពិតជាអណ្តែតមកពីសមុទ្រនៃប្រទេសជិតខាងនោះ ៕