ខេ​ម និង មាស សុខ​សោភា ខកខាន​ចេញ​បទ​ភ្ជុំបិណ្ឌ ព្រោះ​ជាប់ដៃ​នៅក្រៅ​ស្រុក

​ភ្នំពេញៈ ដោយ ទេព មង្គល​
​មិនដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ ទាំង​លោក ខេ​ម និង​នាង មាស សុខ​សោភា ខណៈ​ជិត​ដល់​រដូវ​បុណ្យ​ភ្ជុំ​ម្តងៗ ខាង​ផលិតកម្ម​ថោ​ន តែងតែ​បញ្ចេញ​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ ដែលមាន​អត្ថន័យ​រៀបរាប់​អំពី​ការធ្វើ​បុណ្យ​ដាក់​ទាន និង​ដឹងគុណ​មាតាបិតា ក៏ដូចជា​រម្លឹក​អំពី​អនុស្សាវរីយ៍​សប្បាយៗ​ទាំង​នៅ​ទីក្រុង និង​ជនបទ​ស្រែចម្ការ​ឱ្យ​ពួកគេ​ច្រៀង​ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន​គ្រប់​ស្រទាប់វណ្ណៈ និង​រាំលេង​កម្សាន្ត​សប្បាយ​។

ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​វិញ​ដោយ​ភាព​មមាញឹក​បំពេញការងា​រ​សិល្បៈ​នៅឯ​ស្រុក​ក្រៅ​បន្តកន្ទុយ​គ្នា​បានធ្វើឱ្យ​តារាចម្រៀង​ជួរមុខ ជ្រក​ក្រោម​ផលិតកម្ម​ថោ​ន​តែមួយ​ខកខាន​មិនបាន​បំពេរ​អារម្មណ៍​ទស្សនិកជន​តាមរយៈ​បទ​ប្រពៃណី​ប្រជាប្រិយ៍​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដូច​បណ្តា​ឆ្នាំមុនៗ ។​

​យ៉ាងណាក៏ដោយ​ទាំង​លោក ខេ​ម និង​អ្នកនាង មាស សុខ​សោភា បានធ្វើការ​ផ្តាំផ្ញើរ​ពី​ចម្ងាយ​ឱ្យ​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​រហូតមក​នោះ សូម​សណ្តាប់​បទ​ចម្រៀង​ចាស់ៗ​របស់ខ្លួន​សិន​ទៅ ព្រោះ​ពួកគេ​ជាប់រវល់​បំពេញការងារ​សិល្បៈ​នៅឯ​ស្រុក​ក្រៅ​រហូតដល់​ចប់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ តែ​សន្យា​ជួប​អ្នកគាំទ្រ​វិញ​នៅ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។​

​គួរ​បញ្ជាក់ថា តារាចម្រៀង​ប្រុស​សម្លេង​ស្អក​លោក ខេ​ម និង​អ្នកនាង មាស សុខ​សោភា បន្ទាប់ពី​បញ្ចប់​ការសម្តែង​នៅ​សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុង​សម្តែង​រួមគ្នា​នៅលើ​ទឹកដី​អាល្លឺម៉ង់ រួចមក​ពួកគេ​នឹង​បន្តដំណើរ​ទៅ​សម្តែង​រួមគ្នា​នៅលើ​ទឹកដី​បារាំង និង​អូទ្រីស ៕