បទ​ចម្រៀង “​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” របស់ ម៉ៅ ហា​ជី ត្រូវ​ក្រសួង​ស្នើ​ផ្អាក​ផ្សព្វផ្សាយ

​ភ្នំពេញៈ ដោយ ទេព មង្គល​

​ជាថ្មី​ម្តងទៀត បទ​ចម្រៀង​មួយ​បទ​ពាក់​ព​ន្ធ័​ទៅនឹង​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ផលិតកម្ម​ថោ​ន ក្រោម​ចំណងជើង​ថា “​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” ដែល​ធ្វើការ​បកស្រាយ​ដោយ​តារាចម្រៀង​ប្រុស ម៉ៅ ហា​ជី ត្រូវបាន​ក្រសួង​ស្នើសុំ​ចាត់ការ​ផ្អាក​ការប្រើប្រាស់ និង​ផ្សព្វផ្សាយ​ក្រោម​ហេតុផល​ធ្វើឱ្យប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។​

​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៨ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ដាក់ជូន​ក្រសួងពត៌មាន គឺ​ស្នើសុំ​ចាត់​ការផ្អាក​ការប្រើប្រាស់ និង​ផ្សព្វផ្សាយ​បទ​ចម្រៀង “​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” ច្រៀង​ដោយ ម៉ៅ ហា​ជី នៅក្នុង​ផលិតកម្ម​ថោ​ន Vol 122 ។ ក្នុង​លិខិត​បាន​បញ្ជាក់ថា បទ “​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” ដែល​កំពុង​ផ្សព្វផ្សាយ​តាម YouTube និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ដែលមាន​ឃ្លា​មួយ​ច្រៀង​ថា “​កម្មករ​និ​យោ​ជិ​ក​មិនទាន់​បើក​ប្រាក់ខែ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើឱ្យ​កម្មករ និ​យោ​ជិ​ក​មិនបាន​ទៅ​ស្រុកកំណើត ទៅលេង​ម៉ែ ពុក បានត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ទូរ​សព្ទ័​ប្រាប់​ម៉ែ ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​ហើយ​បាន​អាច​ទៅលេង​ស្រុកកំណើត​” ។

​ក្នុងន័យនេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ផ្ទុយ​ទាំងស្រុង​នូវ​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​បងប្អូន​កម្មករ​និ​យោ​ជិ​ក ។ ជាមួយគ្នា​នោះ​ប្រាស់ចាក​ពី​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដែល​អនុញ្ញាតឱ្យ​កម្មករ​និ​យោ​ជិ​កទាំ​អស់​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល និង​ខិតខំ​បើកប្រាក់​ឈ្នួល​កម្មករ និ​យោ​ជិ​ក​ឱ្យបាន​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ ៕