អ្នកដំណើរមានសុវត្ថិភាពបន្ទាប់ពីជើងហោះហើរ Air Niugini ធ្លាក់ចូលសមុទ្រនៅប្រទេស មីក្រូនេស៊ី

អ្នកគ្រប់គ្រងព្រលានយន្តហោះបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរនិងអាកាសយានិកទាំងអស់៤៧នាក់ពីជើងហោះហើរ Air Niugini ដែលធ្លាក់ចូលទៅក្នុងសមុទ្រនៅជិតផ្លូវឡើងរបស់ព្រលានយន្តហោះក្នុងប្រទេស មីក្រូនេស៊ី។

លោក Jimmy Emilio អ្នកចាត់ការទូទៅរបស់អាកាសយានដ្ឋាន Chuuk ក្នុងទីក្រុង Weno របស់ប្រទេស មីក្រូនេស៊ី បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា “យើងពិតជាមិនដឹងថាមានអ្វីកើតឡើងនោះទេ។ មនុស្សត្រូវបានជួយសង្គ្រោះដោយទូក។

អ្នកដំណើរចំនួន៣៦នាក់និងអាកាសយានិក១១នាក់ត្រូវបានជួយសង្គ្រោះទាំងអស់ប៉ុន្តែមានតែយន្តហោះប៉ុណ្ណោះដែលលិច”។
យ៉ាងណាក្តី លោកបាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះនេះគឺមិនច្បាស់លាស់ទេ។

យន្តហោះប្រភេទ Boeing 737 មួយគ្រឿងនេះបានបុកបឹងនៅជុំវិញកោះតូចមួយនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍)។ អ្នកដំណើរនិងក្រុមអាកាសយានិកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ទេ៕