ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌អាស៊ាន-គួយចូវ ២០១៨ ប្រព្រឹត្តទៅដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយស បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបើកវេទិកា «សប្តាហ៍នៃការផ្លាស់ប្តូរវិស័យទេសចរណ៍ និងវប្បធម៌អាស៊ាន “ខ្សែក្រវាត់ និងវិថី” ឆ្នាំ២០១៨» ឬហៅថា 2018 ASEAN “Belt and Road” Tourism and Culture Exchange Week នៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរខួបលើកទី១៥ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

វេទិកាអន្តរជាតិនេធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយវត្តមានលោក Wei Guonan អភិបាលរងក្រុងគួយយ៉ាង លោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន លោក Masataka Fujita អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងតំណាងអង្គទូត ប្រធានប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងស្ថាប័នពាក់ព័ន្ធនានា។

បន្ទាប់ពីពិធីបើក ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាលើគម្រោងរៀបចំសិក្ខាសាលាសម្រាប់មគ្គុទ្ទេសក៍និយាយភាសាចិន នៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ និងការបណ្តុះបណ្តាលបុគ្គលិកនិយាយភាសាចិនឆ្នើម នៅក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា ក៏ដូចជាការសិក្សាពិនិត្យ និងផ្តល់យោបល់បន្ថែមលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា តាមប្រព័ន្ធអនឡាញ និងឌីជីថល ដើម្បីឲ្យស្របទៅនឹងចរិតលក្ខណៈជាភាសាចិន។

នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់កិច្ចសម្ភាសជាមួយបណ្តាញផ្សព្វផ្សាយរបស់ខេត្តគួយចូវ ដោយបង្ហាញនូវចំណាប់អារម្មណ៍កោតសរសើរ ពីការរៀបចំអភិវឌ្ឍទីក្រុងគួយយ៉ាងបានយ៉ាងល្អ ដោយមិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ស្អាត សណ្តាប់ធ្នាប់ល្អ ហើយថែមទាំងមានការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន ពិសេសខេត្តនេះស្ថិតនៅក្នុងតំបន់ភ្នំ មានធាតុអាកាសប្រចាំពេញ១ឆ្នាំត្រជាក់ល្មម (ទាបបំផុត ២អង្សាសេ និងខ្ពស់បំផុតប្រហែល ២៥អង្សាសេ)។ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំទិន្នន័យ បច្ចេកវិទ្យាព័ត៌មានដ៏ធំបំផុតរបស់ប្រទេសចិន (Big Data)។

ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យរដ្ឋបាលខេត្តជួយជំរុញឲ្យមានជើងហោះត្រង់ និងទៀងទាត់មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយសារបច្ចុប្បន្នកំពុងតែអនុវត្តជើងហោះហើរ Charter Flight នៅឡើយ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានបន្តជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wu Qiang អភិបាលរងខេត្តគួយចូវ និងលោកអភិបាលក្រុងគួយយ៉ាង លើការរៀបចំ និងគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ឈានមុខ ដោយខេត្តគួយចូវមានរមណីយដ្ឋាន និងឧទ្យានទេសចរណ៍ដ៏ស្អាតបំផុត ប្រកបដោយការគ្រប់គ្រងហ្មត់ចត់។

ជាមួយគ្នានេះដែរ ភាគីទាំងពីរនឹងពិចារណារៀបចំឲ្យមានកិច្ចព្រមព្រៀងលើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងទេសចរណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់យុវជនរវាងកម្ពុជា និងខេត្តគួយចូវ តាមរយៈក្រសួងទេសចរណ៍។

ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ ដើម្បីស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីរៀបចំជ្រើសរើសខេត្ត ឬទីក្រុងណាមួយរបស់កម្ពុជា ដើម្បីចងចំណងមិត្តភាពជាមួយខេត្តគួយចូវ។

ក្រោយបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីរួមជាមួយអភិបាលរងខេត្តគួយចូវ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាស្វាគមន៍ និងអបអរសាទរការរៀបចំកម្មវិធីរាត្រីកម្ពុជា (Cambodia Night) និងការសម្តែងសិល្បៈវប្បធម៌ប្រពៃណីខ្មែរ អមជាមួយបទបង្ហាញពីសក្តានុពលសម្រាប់ការវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំខេត្ត និងប្រធានប្រតិភូអាស៊ានផងដែរ៕