​ត្រឹមឆ្នាំ ២០១៧ បំណុល​កម្ពុជា កើន​ដល់ $៦,២​ពាន់​លាន ខណៈ​គ្រោង​ខ្ចី​$១,៤​ពាន់​លាន បន្ថែម​ទៀត​

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា គ្រោង​ខ្ចីប្រាក់​១​ពាន់​លាន SDR ឬ ១,៤ ពាន់​លាន​ដុល្លារ បន្ថែមទៀត ដើម្បី​សម្រេចបាន​ទិសដៅ​ថវិកា ដែល​គ្រោងទុក​របស់ខ្លួន​សម្រាប់​ឆ្នាំក្រោយ ដែល​នឹងធ្វើ​ឲ្យ​បំណុល​ជាតិ​សរុប​កើនឡើង​ដល់ ៧,៦ ពាន់​លាន​ដុល្លារ​នៅត្រឹម​ចុងឆ្នាំ ២០១៨ ខណៈ​កម្រិត​បំណុល​បច្ចុប្បន្ន​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ ២០១៧ មាន​ជាង ៦,២ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្ដីព្រាង​ថវិកាជាតិ​ឆ្នាំ ២០១៨ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។​

​សេចក្ដីព្រាង​ថវិកាជាតិ​ដែល​បានរៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) បង្ហាញថា កម្ចី​រហូតដល់ ១,៤ ពាន់​លាន​ដុល្លារ​កើតមក​ពី​គម្រោង​ដែល​បានអនុម័ត ២៦ ដែល​ចុះហត្ថលេខា​ជាមួយ​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី​( ADB) ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង និង​ឥណ្ឌា​។

​គម្រោង​ទាំងនេះ​ភាគច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹង​ការកំណត់​ទិសដៅ​ទេសចរណ៍​មួយចំនួន ការថែទាំង​សុខភាព កសិកម្ម និង​ការអប់រំ​។​

​របាយការណ៍​នេះ​បាន​កត់សម្គាល់ថា រដ្ឋាភិបាល​នៅតែ​កំពុង​ពិចារណា​គម្រោង ៣១ បន្ថែមទៀត ​ប្រសិនបើ​ត្រូវបាន​អនុម័ត នឹង​បង្កើន​ការខ្ចីប្រាក់​សរុប ២,៦ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ ដែល​បង្កើន​បំណុល​ជាតិ​ដល់ ៨,៨ ពាន់​លាន​ដុល្លារ​។

​កម្រិត​បំណុល​បច្ចុប្បន្ន ​ត្រូវបាន​ជំរុញ​ភាគច្រើន​ដោយ​កម្ចីសម្បទាន​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ចិន​ខ្ពស់​ជាងគេ​។

​បច្ចុប្បន្ន​កម្ពុជា ជំពាក់​ចិន​ប្រហែល ២,៩ ពាន់​លាន​ដុល្លារ ឬ ៤៧,៥ ភាគរយ​នៃ​ផលប​ត្រ​បំណុល​សរុប​របស់ខ្លួន បន្ទាប់មក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ដែលមាន ១,៩ ពាន់​លាន​ដុល្លារ ឬ ៣០,១ ភាគរយ​នៃ​បំណុល​ជាតិ​។ ទាំងនេះ​បានបង្ហាញ​ពី​ការធ្លាក់ចុះ បើ​ធៀប​នឹង​ចុងឆ្នាំ ២០១៦ ដែល​ប្រទេស​ចិន​គ្រប់គ្រង​បំណុល​របស់​កម្ពុជា ៨០ ភាគរយ​។​

​បំណុល​នៅសល់​គឺ​ជំពាក់​រុស្ស៊ី ដែល​ត្រូវបាន​បន្សល់ទុក​ជាច្រើន​ទសវត្សរ៍​មកហើយ ដែលមាន ៤៥៨ លាន​ដុល្លារ និង​អាមេរិក ១៦២ លាន​ដុល្លារ​។ ទន្ទឹមនឹងនេះ​រដ្ឋាភិបាល​ជំពាក់​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​ដៃគូ​ទ្វេភាគី​ផ្សេងទៀត​សរុប ៧៧៥ លាន​ដុល្លារ​។​

​តួលេខ​បំណុល​ជាតិ​សរុប​គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០១៧ ដែលមាន​ជាង ៦,២ ពាន់​លាន​ដុល្លារ​មាន​អត្រា ២៨ ភាគរយ​ធៀប​នឹង GDP របស់​ប្រជាជន​កម្ពុជា ជាង ១៥ លាន​នាក់ ដែល​ក្នុង​ម្នាក់់ៗ ជំពាក់​បំណុល ៤០០ ដុល្លារ​។​

​ក្រសួង​សេដ្ឋកិច្ច ព្យាករ​ថា GDP របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ នឹង​កើន​ឡើងដល់​២២,២​ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់មក​នឹង​កើនឡើង​ជិត​២៤,៦​ពាន់​លាន​ដុល្លារ​នៅត្រឹម​ចុងឆ្នាំ​២០១៨​។​

​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា អត្រា​បំណុល​ធៀប​នឹង GDP របស់​ប្រទេស​កម្ពុជា​គឺ​នៅ​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​ខ្ចី​ដើម្បី​បង្កើត​កំណើនសេដ្ឋកិច្ច ជាមួយនឹង​ការពង្រឹង​សមត្ថភាព​ស​ង​បំណុល​។

​លោក​ថ្លែងថា​៖ «​ចំនួន​បំណុល​របស់​យើង​គឺ​សមាមាត្រ​នឹង GDP ហើយ​ចំនួន​នោះ​នឹងមិន​លើសពី ៤០ ភាគរយ​នោះទេ​»​។

​លោក​បន្តថា​៖ «​រដ្ឋាភិបាល​បាន​បង្កើន​សមត្ថភាព​ប្រមូល​ពន្ធ​របស់ខ្លួន ហើយ​នេះ​អាច​ឲ្យ​យើង​មាន​សមត្ថភាព​សង​កាន់​តែ​ប្រសើរ ដើម្បី​យើង​អាច​ទទួលបាន​កម្ចី​កាន់តែច្រើន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​»​។​

​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​ឲ្យ​ដឹងថា កម្រិត​កម្ចី​បច្ចុប្បន្ន​របស់​កម្ពុជា​ក្នុង​ចំនួន​ប្រហែល​៣០​ភាគរយ​នៃ GDP គឺអាច​គ្រប់គ្រង​បាន​។ លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​សម្លឹងមើល​ទំហំ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​( GDP) បំណុល​មិនទាន់មាន​ហានិភ័យ​នៅឡើយ​ទេ​»​។

​លោក​បន្តថា​៖ «​តាមពិត រដ្ឋាភិបាល​កម្ពុ​ជាមាន​ការប្រុងប្រយ័ត្ន​ខ្លាំងណាស់​អំពី​កម្ចី​»​។​

​លោក​បន្ថែមថា អ្វីដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​គឺ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ត្រួតពិនិត្យ​ប្រសិទ្ធភាព ក្នុងការ គ្រប់គ្រង​កម្ចី​ថ្មី​។

​លោក​ថ្លែងថា​៖«​យើង​អាច​វាស់វែង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​កម្ចី​ផ្អែកលើ​ការវាយតម្លៃ​គម្រោង​ដែល​អនុម័ត ត្រួតពិនិត្យ​គម្រោង និង​ការវាយតម្លៃ​គម្រោង​។ ការវាយតម្លៃ​នេះ​សំខាន់​សម្រាប់​សាធារណជន​ក្នុងការ​ដឹងថា​តើ​គេ​ប្រើប្រាស់​កម្ចី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់​ដូចម្តេច​?»​។​

​លោក ម៉ៅ មុន្នី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា រាល់​ការប្រើប្រាស់​កម្ចី​ពី​បរទេស​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​កម្ចី​ទាំងនោះ​ឲ្យ​មាន​តម្លាភាព និង​ចាយវាយ​ឲ្យ​ចំ​ទិសដៅ​។

​លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញ​កន្លងមក​ថ​វិកា​ដែល​យើង​ខ្ចីបុល​គេ​យកមក​ធ្វើ​ផ្លូវថ្នល់ ជាក់ស្តែង​ផ្លូវថ្នល់​មួយចំនួន​នឹងធ្វើ​ដោយ​គ្មាន​គុណភាព​ល្អ ហើយ​ធ្វើ​មិនត្រូវ​ស្តង់ដារ​។

​លោក​បន្ថែមថា​៖ «​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​អំពើពុករលួយ យើង​ត្រូវយក​ថវិកា​ដែល​យើង​ខ្ចីបុល​គេ​ចាយ​ឲ្យ​ចំ​គោលដៅ ហើយ​ឲ្យ​មានគុណ​ភាពល្អ​»៕​