កម្ពុជា​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ក្នុង​ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week

ភ្នំពេញ៖ ដោយ ចៅជេត​

តប​តាម​ការអញ្ជើញ​របស់លោក​អគ្គលេខាធិការ ASEAN-China Center កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស (Guest of Honor Country) បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុម​សិល្បៈ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week នៅ​ទីក្រុង​គួ​យ​យ៉ាង ខេត្ត​គួ​យ​ចូ​វ ដែលជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​វប្បធម៌​ក្នុង​តំបន់​ភាគ​លិច​ប្រទេស​ចិន​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week នេះ​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា ម្សិលមិញ​នេះ រហូតដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​គណៈកម្មាធិការ​បក្ស​ខេត្ត​គុយ​ចូ​វ និង ASEAN-China Center ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១៥ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ចិន​ដែល​បានកំណត់​យក​ឆ្នាំ​២០១៨​ជា​ឆ្នាំ​នៃ​នវានុវត្តន៍​អាស៊ាន​ចិន​។

​ទន្ទឹម​នោះដែរ ដើម្បី​អបអរសាទរ​គម្រប់​ខួប​លើក​ទី​៦០ (១៩៥៨-២០១៨) នៃ​ចំណង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ចិន នៃ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្រសួងទេសចរណ៍ ក៏​នឹង​រៀបចំ​កម្មវិធី​រាត្រី​កម្ពុជា (Cambodia Night) ផងដែរ ដោយ​កម្មវិធី​នេះ មានការ​រៀបចំ​សម្តែង​សិល្បៈ​ប្រពៃណី​វប្បធម៌​ខែ្មរ ដែល​គ្រោង​នឹង​អញ្ជើញ​ភ្ញៀវកិត្តិយស​ចិន និង​ប្រតិភូ​អាស៊ាន​ជាង ៣០០​នាក់​ផងដែរ​។

​តាម​កម្មវិធី​គ្រោងទុក ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​នឹង​ថ្លែង​សុន្ទរកថា ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​ពិ​ធើ​បើក​ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week ដែលមាន​ការចូលរួម​ពី ឯកឧត្តម Zhao Deming សមាជិក គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​គួ​យ​ចូ​វ និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​ក្រុង​គួ​យ​យ៉ាង ឯកឧត្តម Chen Dehai អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​ចិន និង​អង្គ​រដ្ឋទូត​និង​តំណាង​អង្គទូត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា​នៃ​ប្រទេស​សមាជិក​អាស៊ាន​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​នឹងមាន​ជំនួប​ទ្វេរ​ភាគី​ជាមួយ​ឯកឧត្តម Zhao Deming សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​គួ​យ​ចូ​វ ផងដែរ ៕