ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តសហការជាមួយផ្នែកឯកជន ដើម្បីអនុវត្ត យុទ្ធនាការភោជនីយដ្ឋាន-អាហារដ្ឋា គ្មានសម្រាមក្រោមតុ

រាជធានីភ្នំពេញៈ ដោយ  ចៅតាជេត

ដើម្បីលើកកម្ពស់លើវិស័យទេសចរណ៍កម្ពុជា ឱ្យល្អប្រសើរថែមមួយកម្រិតទៀតនោះ លោក ថោង ខុន រដ្ឋម​ន្ត្រីក្រសួងទេសចរណ៍ បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ត្រូវបន្តសហការជាមួយផ្នែកឯកជននានាដើម្បីអនុវត្ត​ «យុទ្ធនាការអនាម័យបង្គន់សាធារណៈ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្មានសំរាមក្រោមតុនៅទូទាំងប្រទេស» បន្តចាប់ពីចុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ។

លោក ថោង ខុន មានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារក្នុងឆមាសទី៣ នៃឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តនៅឆមាសទី៤ នៃឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ នៅទីស្ដីការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងថា «ត្រូវធ្វើអោយបង្គន់អនាម័យទាំងសាធារណៈ ទាំងនៅគ្រប់ភោជនីយដ្ឋាន សណ្ឋាគារ និងគ្រប់ទីកន្លែង, នៅទូទាំងប្រទេសត្រូវមានអនាម័យស្អាត មានទឹក សាប៊ូ កន្សែងក្រដាស មានអ្នកសម្អាតប្រចាំការទៅតាមស្តង់ដាអាស៊ាន និងអន្តរជាតិ»។

លោករដ្ឋមន្ត្រីបានបន្តថា គ្រប់ភោជនីយដ្ឋាន អាហាដ្ឋាន និងអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ចំពោះបញ្ហាគុណភាពសេវាកម្ម ម្ហូបអាហារត្រូវមានអនាម័យល្អ តម្លៃសមរម្យ ពិសេសកុំឱ្យមានសំរាមក្រោមតុជាដាច់ខាត ឬអាចជំនួសដោយកន្សែងត្រជាក់វិញ ក៏ជាការប្រសើរដែរ។

លោកថោង ខុនក៏បានបន្តដាស់តឿន និងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលចំណុះក្រោមក្រសួងទេសចរណ៍ ត្រូវបន្តអនុវត្តការងារតាមតួនាទីរៀងៗខ្លួន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រការងារទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍឈានឡើងប្រកបដោយគុណភាព ភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ៕