សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យការចាក់ដីរំលោភឆ្នេរសមុទ្រនៅខេត្តព្រះសីហនុឲ្យកាយចេញ

ខេត្តព្រះសីហនុៈ ដោយ បញ្ញា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ នេះបានបញ្ជាឲ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និង ជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរ ចុះត្រួតពិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម ។

ឆ្នេរព្រែកត្រែងនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា មានក្រុមហ៊ុនមួយបានចាក់ដីលុបរហូតធ្វើឲ្យផ្ទុះការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដោយចោទប្រកាន់ថា ជាក្រុមហ៊ុនចិន ។ ប៉ុន្តែមិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរក្នុងស្រុករបស់លោកស្រី ជឹង សុភាព ហៅយាយភូ ។

ទឹកសមុទ្រនៅតំបន់ឆ្នេរព្រែកត្រែងដែលមានពណ៌ខៀវស្រស់ស្អាត ជាការទាក់ទាញភ្ញៀវទេសចរណ៍នោះ ត្រូវបានក្លាយទៅជាពណ៌ខ្មៅធ្វើឲ្យភ្ញៀវទេសចរណ៍មានការភ្ញាក់ផ្អើលនិងភ័យខ្លាច ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ៕