ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរណ៍

រាជធានីភ្នំពេញ៖ ដើម្បីបង្ការ និងធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរណ៍ជនជាតិចិន ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងសេចក្តីសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ មាន៩ចំណុចដូចខាងក្រោម៖
១-តាមដានរាល់ព័ត៌មាន និងសេចក្តីជូនដំណឹងពីអាកាសធាតុ ក្នុងករណីមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍ និងជាពិសេស ម្ចាស់ទូកម៉ាស៊ីដឹកទេសចរ
២-ត្រូវពិនិត្យមធ្យោបាយដឹកជញ្ជូនទេសចរណ៍ (ផ្លូវទឹក ផ្លូវគោក ផ្លូវដែក) ត្រូវមានសោភ័ណភាព គុណភាព ផាសុខភាព និងមានសម្ភារៈសង្គ្រោះពេលមានគ្រោះថ្នាក់
៣-ត្រូវមានស្លាកសញ្ញាសុវត្ថិភាព និងសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត នៅតាមតំបន់រមនីយដ្ឋាននានាជាភាសាខ្មែរ អង់គ្លេស និងភាសាទី៣ (យោងសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨) ។
៤-ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពឱ្យបានត្រឹមត្រូវទៅតាមកម្រិតស្តង់ដា (បំពង់ពន្លត់អគ្គីភ័យ កាមេរ៉ាសុវត្ថិភាព ច្រកសុវត្ថិភាព…)
៥-ត្រូវមានវិធានការការពារ និងត្រៀមទុកជាមុននូវសម្ភារៈសង្គ្រោះបឋម ដើម្បីជួយដល់ភ្ញៀវទេសចរណ៍ នៅពេលជួបនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ
៦-ត្រូវធ្វើការណែនាំដល់ទីភ្នាក់ងារ និងការីទេសចរណ៍ មិនត្រូវរៀបចំខ្សែទស្សនកិច្ចទៅកាន់ទីកន្លែងណាដែលមានហានីភ័យខ្ពស់ ជាពិសេសសម្រាប់ភ្ញៀវជនជាតិចិន
៧-ត្រូវមានលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់នៅពេលដែលភ្ញៀវទេសចរជួបគ្រោះថ្នាក់ផ្សេងៗ
៨-អ្នកវិនិយោគបរទេសរួមទាំងជនជាតិចិន ដែលមករកទទួលទានក្នុងរយៈពេលវែងនៅកម្ពុជា មានបំណងចង់បើករថយន្តដោយខ្លួនឯងលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានបណ្ណបើកបរកម្ពុជាតាមមធ្យោបាយពីរយ៉ាង៖
-ត្រូវប្រឡងយកបណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ
-ត្រូវយកបណ្ណបើកបររថយន្តរបស់ប្រទេសខ្លួនមកប្តូរយកបណ្ណបើកបរកម្ពុជា ដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងករណី បណ្ណបើកបរមិនសសេរជាភាសាអង់គ្លេស ឬជាភាសាបារាំង ត្រូវបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាបារាំង ដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬទីស្ថានកុងស៊ុល ឬស្ថានរបស់បេសកកម្មរបស់ខ្លួន
៩-ចំពោះជនបរទេស ដែលកាន់បណ្ណបើកបរអន្តរជាតិ “ International Driving Permit ” ដោយអនុលោមតាមអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៤៩ ឬឆ្នាំ ១៩៦៨ អាចបើកបររថយន្តនៅលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាបាន ប៉ុន្តែត្រូវភ្ជាប់មកជាមួយនូវបណ្ណបើកបរជាតិរបស់បរទេសនោះ ។

ខាងក្រោមនេះ ជាសេចក្តីណែនាំ ទាំងស្រុងរបស់ក្រសួងទេសចរណ៍