Jack Wilshere ត្រូវអវត្តមាន៦សប្តាហ៍បន្ទាប់ពីទទួលការវះកាត់កជើង

ខ្សែបម្រើ Jack Wilshere របស់ក្លិបញញួរយក្ស West Ham នឹងត្រូវអវត្តមានរយៈពេល ៦ សប្តាហ៍បន្ទាប់ពីទទួលការវះកាត់កជើង។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានរងរបួសកជើងយ៉ាងធ្ងន់ធ្ងរក្នុងកំឡុងពេលនៃការហ្វឹកហាត់កាលពីសប្តាហ៍មុន។ 

ពីដំបូងក្លិបញញួរយក្សមានក្តីសង្ឃឹមថា បញ្ហានេះមិនធ្ងន់ធ្ងររហូតដល់តម្រូវឲ្យធ្វើការវះកាត់នោះទេប៉ុន្តែកាសែត The Guardian បានអះអាងថា West Ham ត្រូវបង្ខំចិត្តធ្វើការវះកាត់។

កីឡាករ Wilshere ដែលបានខកខានក្នុងការប្រកួតឈ្នះ៣-១នៅក្រៅទឹកដីលើក្រុម Everton កាលពីចុងសប្តាហ៍បានទទួលការវះកាត់កាលពីថ្ងៃចន្ទហើយឥឡូវនេះត្រូវបានគេរំពឹងថានឹងអវត្តមានរហូតដល់ខែវិច្ឆិកា៕