តំបន់ទឹកធ្លាក់ជ្រាវនៅភ្នំឱរ៉ាល់នឹងក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនាពេលអនាគតដ៏ខ្លីខាងមុខនេះ

ខេត្តកំពង់ស្ពឺ៖​ ដោយ​ ចៅតាជេត

តំបន់ទឹកធ្លាក់ជ្រាវ ក្នុងខេត្តកំពង់ស្ពឺ ជាតំបន់ រមណីយដ្ឋានដែលមានសក្កានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ភ្នំឱរ៉ាល់ដែល ប្រមូលផ្តុំ ដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង សំខាន់តំបន់ ទឹកធ្លាក់ដែល មាន៧ទៅ៨ជាន់ធ្លាក់ពីលើភ្នំដែលមានភាពទាក់ទាញខ្លាំងណាស់សម្រាប់ អ្នកទេសចរណ៍ ខណ:ដែលធនធានធម្មជាតិនៅទីនោះក៏គួរឲ្យចាប់អារម្មណ៍ ដល់ភ្ញៀវ ទេសចរណ៍គ្រួសារនិង ទេសចរណ៍បែបផ្សងព្រេងតែម្តង។

ដូច្នេះដើម្បីជ​ម្រុញ ដល់ការរៀបចំតំបន់នេះអោយក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនាពេលអនាគតដ៏ខ្លីខាងមុខ​ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ដឹកនាំដោយ លោក ជុក ជំនោរ ប្រធាននាយកដ្ឋាន លោក ខ្ចៅ កុសល នាយការិយាល័យ លោក ឈិន ហ៊ីម នាយរងការិយា ល័យ និងលោក ឡាញ់ ពិសិដ្ឋ មន្រ្តីនាយកដ្ឋាន សហការជាមួយក្រុមការងារមន្ទីរ​ទេសចរណ៍ ខេត្តកំពង់ស្ពឺ បានចុះធ្វើការស្រាវជ្រាវ​ ត្រួតពិនិត្យ​តំបន់ទឹកធ្លាក់ជ្រាវនោះ​ ដែលមានទីតាំងស្ថិត ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

លោក ជុក ជំនោរ បានថ្លែងឲ្យដឹងថា បន្ទាប់ពីបានស្រាវជ្រាវនិងពិនិត្យមើលគ្រប់ជ្រុងជ្រោយតំបន់ ទឹកធ្លាក់ជ្រាវ តំបន់ជួរភ្នំឱរ៉ាល់នោះ ក្រុមមន្ត្រីជំនាញបានវាយតម្លៃថា តំបន់នេះមានសក្កានុពល ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហើយគប្បីរៀបចំតំបន់នេះឲ្យក្លាយជាផលិតផលទេសចរណ៍ថ្មី ខណដែលយើងរំពឹងទុកជាមុនថា បន្ទាប់ពីរៀបចំរួចរាល់នូវហេដ្ឋារចនាសម្ពន្ធ័គ្រប់ផ្នែកនោះ ភ្ញៀវទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នឹងទៅសម្រាកកម្សាន្តនៅទីនោះ ។

លោកប្រធាននាយកដ្ឋានបានរៀប រាប់ថា តំបន់ទឹកធ្លាក់ជ្រាវនេះ ក្រៅពីមានទឹកធ្លាក់ច្រើន ជាន់ដែលធ្លាក់ពីលើភ្នំចុះមកក្រោមមិន ដាច់រាល់រដូវនោះតំបន់នោះក៏បង្ហាញនូវធនធានមនុស្ស ធម្មជាតិ រួមទាំងកន្លែងសម្រាកកម្សាន្ត តាមថ្នាក់ទឹកធ្លាក់នីមួយៗ ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ណាស់ សំខាន់សម្រាប់អ្នកទេសចរណ៍ ស្រឡាញ់ធម្មជាតិ និងទេសចរណ៍បែបផ្សងព្រេង ។ លោកបន្តថា ភ្ញៀវអាចទៅកម្សាន្តនៅទីនោះ ពេលវេលាណារដូវណាក៏បានដែរ មិនថា រដូវប្រាំងឬវស្សានោះទេ ។

លោកបញ្ជាក់ថា បន្ទាប់ពីបានចុះដល់ទីតាំងទឹកធ្លាក់សំខាន់ៗ និងបានជួបសំណេះសំណាល ជាមួយប្រធាន សហគមន៍ ប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាជូនភ្ញៀវទេសចរ រួមទាំងបងប្អូន ប្រជាពលរដ្ឋ ដែលបានទៅកំសាន្តនៅទីនោះ លោកប្រធាននាយកដ្ឋានក៏បានជម្រុញ ឲ្យសហគមន៍ខិតខំ បន្តទៀតក្នុងការរៀបចំសម្បទាទ្រទ្រង់ក្នុងសហគមន៍និង យកចិត្តទុក ដាក់អោយបានម៉ត់ចត់លើ បញ្ហាបរិស្ថាន អនាម័យ សុវត្ថិភាពភ្ញៀវ ។

ទន្ទឹមនោះក្រុមការងារជំនាញនឹងជួយពង្រឹងដំណើរ ការសហគមន៍ តាមរយៈការបណ្តុះបណ្តាល ការចងក្រងឯកសារសក្តានុពល ការរៀបចំផែនទី ទេសចរណ៍ និងការផ្សព្វផ្សាយអោយបាន ទូលំទូលាយ  ទៅដល់ភ្ញៀវទេសចរ ផ្នែកឯកជន និងបងប្អូនប្រជាពលរដ្ឋ អោយបានស្គាល់ កាន់តែច្បាស់ពីតំបន់នេះ។

គួរបញ្ជាក់ថា ទឹក ធ្លាក់ ជ្រាវ ស្ថិត នៅក្នុង ភូមិ តាំងសំរោង ឃុំ អមលាំង ស្រុក ថ្ពង ខេត្ដ កំពង់ស្ពឺ ដែលជា ទឹក ធ្លាក់ ជម្រាល ច្រើន ដំណាក់ អំណោយផល ដល់ ការ ងូត ទឹក លេង កម្សាន្ដ ពី សំណាក់ ភ្ញៀវទេសចរ ជាតិ និង អន្ដរជាតិ ៕